ជនជាតិដើមភាគតិចព្នង បន្តរក្សាពិធីកា.ប់ក្របី ផឹកស្រា អភិរក្សប្រពៃណីជនជាតិដើម
បងប្អូនជនជាតិភាគតិចព្នងមកពីភូមិចំនួន១២ ក្នុងខេត្តផ្សេងគ្នា ដែលបានរស់នៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តក្រចេះ ខេត្តតនគីរី និងខេត្តស្ទឹងត្រែង បាននាំគ្នាប្រារព្ធធ្វើពិធីសែនព្រេន ដើម្បីសុំសេចក្តីសុខចម្រើនពីម្ចាស់ទឹកម្ចាស់ដីទៅតាមទំនៀមទម្លាប់ ដោយពិធីនោះគឺកា.ប់ក្របី ផឹកស្រា បង្ហាញពីការអភិរក្សប្រពៃណីសម្រាប់ឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិតាម។
ពិធីជួបជុំសែនព្រេននោះ បានឡើងនៅភូមិឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានរយៈពេលចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី១ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការប្រមូលផ្តុំជួបជុំចាស់ព្រឹទ្ធាចារ្យ មេកន្ទ្រាញ និងបងប្អូនកូនចៅនៃជនជាតិភាគតិចព្នងជាច្រើននាក់ផងដែរ។
បើតាមលោក សេត កាល អាយុ៧៥ឆ្នាំ ជាចាស់ទុំមេកន្ទ្រាញជនជាតិព្នង បានលើកឡើងថា ពិធីនេះ ត្រូវបានធ្វើឡើងទៅតាមទនៀមទម្លាប់ប្រពៃណីជនជាតិដើម ដើម្បីបង្ហាញដល់កូនចៅជំនាន់ក្រោយដែលជាអ្នកបន្តវេន គប្បីរក្សានូវប្រពៃណីនេះ ព្រោះជនជាតិព្នង ពេលបានធ្វើពិធីសែនព្រេនហើយម្តងៗ ពេលទៅធ្វើស្រែចម្ការដាំចុះដំណាំ តែងទទួលបានភោគផលច្រើន ហើយសត្វចង្រៃមិនស៊ីបំផ្លាញទៀតផង។
មេកន្ទ្រាញរូបនេះបានបន្តថា ជាងនេះទៅទៀត ការរស់នៅរបស់កូនចៅនៅក្នុងភូមិ ក៏ទទួលបានសេចក្តីសុខសប្បាយចម្រុងចម្រើនគ្រប់ៗគ្នា ចំណែកឯសត្វពាហនៈក៏មិនកើតជំងឺឆ្លង ទើបចាស់ទុំនាំគ្នាដឹកនាំធ្វើពិធីនេះឡើងជារៀងរាល់ឆ្នាំ។
លោក ជ្រោយ ញ៉ុង តំណាំងបងប្អូនជនជាតិទាំងអស់នៅក្នុងកម្មវិធីសែនព្រេន បានបញ្ជាក់ ទៀតថា នេះជាការគោរពតាមចាស់ទុំតៗគ្នាមក ព្រោះយល់ឃើញថា ប្រពៃណីមួយនេះ មិនអាចលុបបំបាត់ចោលបានទេ ទោះបីថា សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់មួយចំនួន ត្រូវបាត់បង់ទៅហើយក៏ដោយ តែប្រពៃណីសែនព្រេននេះមិនអាចបោះបង់ចោលឡើយ។ លោកថា នៅកន្លែងណាក្តី ឲ្យតែបានប្រារព្ធពិធីនេះឡើង គឺតែងតែធ្វើអ្វីបានជោគជ័យទាំងអស់គ្នា អញ្ចឹងទើបពួកយើងរក្សាប្រពៃណីនេះរហូត ព្រោះពួកយើងជាជនជាតិដើមភាគតិចព្នង ហើយពិធីនេះគឺមិនអាចធ្វើតែម្នាក់ឯងបានទេ អញ្ចឹងមានចាស់ព្រឹទ្ធាចារ្យ មានស្រីមានប្រុសទាំងអស់ ហើយការធ្វើពិធីសែនព្រេនចប់ ទើបស្អែកបានកា.ប់ក្របី ហើយមានកម្មវិធីវា.យឃ្មោះ ព្រមទាំងកម្មវិធីផ្សេងទៀតរបស់ជនជាតិដើមភាគតិចព្នង។
អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានលើកឡើងដែរថា ចំពោះការរៀបចំរបស់បងប្អូនជនជាតិព្នង ពេលនេះពិតជាបានបង្ហាញឲ្យឃើញពីការសាមគ្គីភាពមួយនៅក្នុងឃុំរបស់យើង ព្រោះថាអាជ្ញាធរ ឃុំ ស្រុក តែងតែចង់ឲ្យប្រជាពលរដ្ឋយើងទទួលបានសិទ្ធិរស់នៅ និងមានភាពរីកចម្រើនគ្រប់យ៉ាង។ លោកអភិបាលស្រុករូបនេះបន្តថា ពិធីនេះ អាជ្ញាធរធ្វើការគាំទ្រ និងចូលរួមជាមួយបងប្អូនជនជាតិដើម ជាថវិកា៥០ម៉ឺនរៀល ដើម្បីលើកទឹកចិត្តដល់បងប្អូនជនជាតិយើង ឱ្យកាន់តែមានភាពសប្បាយរីករាយ ស្ថិតនៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ផងដែរថា បងប្អូនជនជាតិព្នង អភិរក្សប្រពៃណីនេះ តាំងពីដូនតារៀងមក ដូចជាពិធីសែនព្រេនចំពោះម្ចាស់ទឹកម្ចាស់ដី, បួងសួងសុំសេចក្តីសុខ, ពិធីសែនអ្នកតាភ្នំសុំជួយការពារដំណាំដាំដុះ ចៀសផុតពីសត្វចង្រៃស៊ីចំផ្លាញ, ពិធីសែនប្រយុងស្រែ សុំឱ្យបារមីព្រៃប្រឹក្សាជួយឱ្យបានភោគផលច្រើន, ពិធីសែនស្រូវឡើងជង្រុកទុកដាក់ឱ្យបានគង់វង្ស និងពិធីសែនព្រេនបុណ្យកំសានភូមិនៅមុនរដូវចូលឆ្នាំនេះជាដើម៕
Post a Comment