លោក វង្ស អេង អភិបាល នៃគណៈអភិបាលស្រុក ដឹកនាំក្រុមការងាររដ្ឋាបាលស្រុកចូលរួមកម្មវិធីក្រុងពាលី បញ្ចុះបឋមសីលា បុកគ្រឹះសាងសង់អគារសាលាបឋមសិក្សាគៀនជង្រុក
ថ្ងៃសៅរ៍ ៦ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វង្ស អេង អភិបាល នៃគណៈអភិបាលស្រុក ដឹកនាំក្រុមការងាររដ្ឋាបាលស្រុក មាន លោក លោកស្រី អភិបាលរងស្រុក មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក កងកម្លាំង អាជ្ញាធរឃុំ ភូមិ យុវជនស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ចូលរួមកម្មវិធីក្រុងពាលី បញ្ចុះបឋមសីលា បុកគ្រឹះសាងសង់អគារសាលាបឋមសិក្សាគៀនជង្រុក ស្ថិតនៅភូមិគៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវាលវែង ។
ក្នងពិធីក្រុងពាលីបញ្ចុះបឋមសិលា បានដំណើរការទៅតាមកម្មវិធីបានគ្រោងទុក្ខដោយ ឯកឧត្តមបណ្ឌិត ទី ថានី និងសហការីទាំងអស់បានចូលរួមធ្វើការអុជធូប និងបួងសួងសុំនូវសេចក្តីសុខសប្បាយពីម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សាព្រៃភ្នំ ក្រំថ្ម ព្រមទាំងបានសែន នូវសំណែន គ្រឿងសក្ការបូជា និងបួងសួងដល់គុណបុណ្យព្រះរតនៈត្រែយ៏ វត្ថុសាកសិទ្ធក្នុងលោក ទស្សបូរមី តាមថែរក្សាភូមិករ សូមអោយជួយបីបាច់ថែរក្សាក្នុងដំណើរការសាងសង់អគារថ្មីនេះ អោយទទួលបានសុវត្ថិភាព និងសេចក្តីសុខ សេចក្តីចំរើន។
លោកអភិបាលបានបន្តរទៀតថាជាការកត់សម្គាល់ខួបអនុស្សាវរីយ៍លើកទី៤៣ ៧មករា ១៩៧៩ និង ៧មករា ២០២២ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបជុំគ្នាថ្ងៃនេះដើម្បីបញ្ចុះបឋមសីលាយជូនបងប្អូនប្រជាពលរដ្ឋយើង
ជាងនេះទៅទៀតបានគូសបញ្ជាក់បន្ថែមពីសារសំខាន់នៃកត្តាសុខសន្តិភាពដែលផ្ដល់ឱកាសឱ្យយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជាទាក់ទាញទេសចរណ៍មកលេងកម្ពុជានាំយកផលិតផលទៅលក់នៅបរទេសបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងថាឯកឧត្តមបណ្ឌិត តែងតែយកចិត្តទុកដាក់ ប្រជាពលរដ្ឋក្នុងស្រុក ព្រមទាំងការយកចិត្តដាក់ក្នុងការឧបត្ថម្ភផ្តល់គ្រឿងសម្ភារៈផ្សេងៗ។
ជាចុងក្រោយ លោកអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកឧត្តមបណ្ឌិត ទី ថានី និងលោកជំទាវ ដែលបានជូនអគារដល់សិស្សានុសិស្ស ដែលអគារនេះបន្ទាប់ពីសាងសង់រួចទៅ និងប្រយោជន៏ធំធេង ដល់ប្រជាពលរដ្ឋក្នុកស្រុក៕
Post a Comment