ពេលបុណ្យ ៧ថ្ងៃប្អូនស្រី សម្តេចតេជោ ត្រូវដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅចិន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សល់តែមួយយប់ទៀតប៉ុណ្ណោះ រូបកាយប្អូន នឹងត្រូវបញ្ចុះ ទៅក្នុងព្រះធរណី ដែលជាទីកន្លែងសម្រាកចុងក្រោយរបស់ប្អូន។ បែកគ្នា ដោយមិនបានលា គឺជារឿងមិនអស់ចិត្ត សម្រាប់ក្រុមគ្រួសារ តែនេះ ជាក្រឹត្យក្រមធម្មជាតិ ដែលមិនអាចជៀសវាងបាន គឺកើត ចាស់ ឈឺ ស្លាប់តែអ្វីជាការសោកស្តាយ គឺនៅត្រង់មនុស្ស ដែលមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្ស ដែលមានអាយុតិចជាង»។
សម្តេចតេជោ បន្តថា «ជាគ្រួសារមួយ ដែលមិនធ្លាប់មានទំនាស់ ទោះតូចក្តីធំក្តី មិនដែលមានភាពរកាំរកូស សូម្បីពាក្យសំដីមួយម៉ាត់ ការបែកគ្នាដោយគ្មានពេលជួបវិញពិតជាបានធ្វើឲ្យក្រុមគ្រួសារ កាន់តែអាឡោះអាល័យនឹកស្រណោះដល់ពេល ដែលកន្លងហួស ពិសេសកូន ចៅ និងក្មួយៗ ដែលម្តាយ ជីដូន និងម្តាយមីង បានមើលថែទាំដល់ពួកគេ»។
សម្តេចតេជោ បានបន្ថែមថា «ដូចឆ្នាំកន្លងមកដែរ ពេលបងប្រុសមរណភាព ខ្ញុំមិនបានចូលរួមបុណ្យ ៧ថ្ងៃនោះទេ ព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីប្រជុំពិសេសអាស៊ាន.សហរដ្ឋអាមេរិក។ លើកនេះ ពេលប្អូនស្រី ទទួលមរណភាពពេលបុណ្យ ៧ថ្ងៃ ត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដែលកម្មវិធីនេះ បានព្រមព្រៀងគ្នា តាមរយៈការទូតជាងមួយខែមកហើយ»។
សូមរម្លឹកថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ីង ដែលត្រូវជាប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវជាប្អូនថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយនឹងដង្ហែ ទៅបញ្ចុះ នៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈស្អែកនេះ៕
Post a Comment