មហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបើកជាផ្លូវការហើយ

ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីបើកមហាសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា។

នៅវិមាន ៧ មករា មហាសន្និបាត ICAPP លើកទី១២ បានធ្វើការប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ ៣)យុត្តិធម៌អន្តរកាល ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

គណៈប្រតិភូដែលចូលរួមមានចំនួនជិត៣០០រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន៩៩រូប និងប្រតិភូកម្ពុជាចំនួន៦៤រូប គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និងគណៈប្រតិភូគណបក្សហ៊្វុនស៊ិច មានចំនួន ១៨រូប។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីគណបក្សចំនួន៦២ គណបក្សនយោបាយ ក្នុងនោះគណបក្សនយោបាយចំនួន ៥១ មកពីអាស៊ី , គណបក្សនយោបាយចំនួន៤ មកពីអាហ្វ្រិក និងគណបក្សនយោបាយចំនួន ៧ មកពីអាមេរិកឡាទីន, ក្រុមគណបក្សនយោបាយនៅអឺរ៉ុប គឺតំណាងដោយអ្នកប្រជាធិបតេយ្យនិយមកណ្តាល ( CDI ) ។

កម្ពុជាបានក្លាយជាសមាជិក ICAPP ក្នុងឆ្នាំ២០០៣ ហើយបានទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ICAPP លើកទី៦ ជាលើកដំបូងក្នុងឆ្នាំ២០១០ ជាមួយនឹងលទ្ធផលផ្លែផ្ការ៕





























Powered by Blogger.