ក្រសួងការបរទេសអាម៉េរិកចេញការណែនាំឱ្យមន្រ្តីរបស់ខ្លួន ផ្អាកគម្រោងជំនួយបរទេស
អាម៉េរិក៖ បើតាមឯកសារក្រៅផ្លូវមួយរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបង្គាប់ទៅកាន់មន្រ្តីពាក់ព័ន្ធរបស់ខ្លួន ឱ្យផ្អាករាល់គម្រោងជំនួយបរទេសផ្សេងៗដែលបង្កើតឡើងដោយអតីតរដ្ឋបាលរបស់លោកចូបៃឌិន ដើម្បីរង់ចាំការត្រួតពិនិត្យឡើងវិញ។
ការបែកធ្លាយឯកសារនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំបានចេញបទបញ្ជានិតិប្រតិបត្តិកាលពីថ្ងៃចន្ទ ដោយបានបង្គាប់ឱ្យមន្រ្តីរដ្ឋាភិបាលអាម៉េរិក ផ្អាករាល់គម្រោងជំនួយបរទេសរយៈពេល ៩០ថ្ងៃ ដើម្បីរង់ចាំការពិនិត្យមើលឡើងវិញអំពីប្រសិទ្ធភាពនិងស៊ីសង្វាក់គ្នានូវកម្មវិធីជំនួយទាំងនោះ ទៅនឹងគោលនយោបាយការបរទេសថ្មីរបស់លោក។
គួរជម្រាបថា សហរដ្ឋអាម៉េរិកគឺជាប្រទេសម្ចាស់ជំនួយអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក ហើយបើយោងតាមតួលេខរបស់រដ្ឋាភិបាលអាម៉េរិកសម្រាប់ឆ្នាំ ២០២៣កន្លងទៅ ប្រទេសមហាអំណាចនេះបានចំណាយប្រាក់សរុប ៦៨ពាន់លានដុល្លារដើម្បីជួយដល់បណ្តាប្រទេសនានា តាមរយៈកម្មវិធីជំនួយផ្សេងៗ រាប់ចាប់ពីការវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងយោធា។
ជុំវិញរឿងនេះ លិខិតបង្គាប់របស់ក្រសួងបរទេសអាម៉េរិកបានណែនាំឱ្យមន្រ្តីស្ថានទូតអាម៉េរិកទាំងអស់នៅជុំវិញពិភពលោក ត្រូវផ្អាកនូវកម្មវិធីជំនួយអភិវឌ្ឍនិងយោធាផ្សេងៗទៅឱ្យប្រទេសសាមី ប៉ុន្តែបានបង្ហាញការលើកលែងចំពោះជំនួយស្បៀងអាហារនិងយោធាសម្រាប់ប្រទេសអ៊ីស្រាអែលនិងអេហ្ស៊ីប។ នេះបើយោងតាមខ្លឹមសារឯកសារបែកធ្លាយដែលពិនិត្យបញ្ជាក់ដោយសារព័ត៌មាន BBC។
ខ្លឹមសារឯកសារនោះបានសរសេរទៀតថា "នឹងមិនមានមូលនិធិថ្មីបន្ថែមណាមួយ គួរត្រូវបានផ្តល់ជូនដើម្បីគាំទ្រគម្រោងជំនួយបរទេសដែលមានស្រាប់ ឫទើបនឹងបង្កើតឡើងនោះឡើយ រហូតមានការត្រួតពិនិត្យឡើងវិញនិងមានការឯកភាពជាថ្មីលើលក្ខខណ្ឌនៃកម្មវិធីជំនួយទាំងនោះជាមុនសិន"៕



Post a Comment