អង្គភាពសារព័ត៌មាន IPA-Time សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! IPA-Time Would Like to Thank all the Fans Who Support Our Broadcasts ! មកស្វែងយល់ អំពី ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់និរន្តរភាពភពផែនដី - IPATime TVonline

មកស្វែងយល់ អំពី ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់និរន្តរភាពភពផែនដី

ពាក្យថា និរន្តរភាព ជាទូទៅមានន័យថា គឺជាការថែរក្សា ឬធ្វើឱ្យអ្វីមួយបន្តមានការកកើតឥតឈប់ឈរនៅថ្ងៃអនាគត។ ស្របគ្នានេះដែរ បច្ចេកវិទ្យាសម្រាប់និរន្តរភាពភពផែនដី គឺសំដៅទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរក្សានូវបរិស្ថានភពផែនដីឱ្យមានភាពឋិតថេរតាមរយៈការធ្វើសកម្មភាពក្នុងការលុបបំបាត់ការបំភាយឧស្ម័ន និងកាកសំណល់មិនល្អទៅក្នុងបរិយាកាស ឬបរិស្ថាន ដែលជាប្រភពនៃបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហានានាទាក់ទងនឹងបរិស្ថាននៅទូទាំងពិភពលោក។  

ស្របពេលជាមួយគ្នានេះ បច្ចុប្បន្ន មនុស្សបាននឹងកំពុងបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗជាច្រើន ដើម្បីរក្សានិរន្តរភាពភពផែនដី ដោយក្នុងនោះ គេបានសង្កេតឃើញពីកិច្ចខិតខំប្រឹងប្រែងមួយចំនួនដែលមានដូចជា ការគិតគូរដល់ការប្រើប្រាស់ថាមពលស្អាត និងសម្ភារៈដែលមិនបង្កផលប៉ះពាល់ដល់​បរិស្ថាន​សម្រាប់ប្រ​តិបត្តិការក្នុងរោងចក្រ ទីកន្លែងការងារ ឬលំនៅដ្ឋាន ដូចជា ការប្រើប្រាស់ផ្ទាំងសឡាស្រូបពន្លឺព្រះអាទិត្យ ដើម្បីបម្លែងទៅជាថាមពលអគ្គីសនី​សម្រាប់ប្រើប្រាស់ជាដើម។  

  

ក្រៅពីនេះ បច្ចេកវិទ្យា ក៏ត្រូវបានមនុស្សប្រើប្រាស់សម្រាប់ ដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ចផងដែរ ដោយវាបានជួយសម្រួលដល់ការសិក្សាស្រាវជ្រាវ រៀបចំ និងបង្កើតប្រព័ន្ធសម្រាប់​គ្រប់គ្រងព័ត៌មាន ឬទិន្នន័យទាក់ទងនឹងវិស័យទាំងនេះ ហើយត្រូវបានគេហៅថាជា​បច្ចេកវិទ្យាសម្រាប់និរន្តរភាព។  

  

បច្ចេកវិទ្យាសម្រាប់និរន្តរភាព បានផ្តល់នូវឱកាសដល់មនុស្សក្នុងការបង្កើត និងទាញយកផលប្រយោជន៍ពីរបកគំហើញនានា ដែលមានស្រាប់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងបរិស្ថាន ដែលនេះ បានជួយសម្រួល និងអភិវឌ្ឍន៍ការរស់នៅរបស់មនុស្សឱ្យកាន់តែមានភាពជឿនលឿន និងមានទំនួលខុស​ត្រូវសម្រាប់អនាគតអ្នកជំនាន់ក្រោយ។  

  

ខាងក្រោមនេះ គឺជាឧទាហរណ៍មួយចំនួនបន្ថែមទៀត នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់និរន្តរភាព៖  

  

១. ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ឬប្រព័ន្ធស្វ័យប្រវត្តិក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ទឹក ថាមពល និងគ្រាប់ធញ្ញជាតិក្នុងវិស័យកសិកម្ម ដោយតាមរយៈការអនុវត្តបែបនេះ បានជួយដល់ការសន្សំសំចៃទឹក ថាមពល និងការប្រើប្រាស់គ្រាប់ធញ្ញជាតិ ឬគ្រាប់ពូជ​ឱ្យសមសម្របតាម​កម្រិតត្រូវការដោយមិនមានការខ្ជះខ្ជាយ។  

  

២. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការកត់ត្រា និងរក្សាទុកឯកសារតាមប្រព័ន្ធកុំព្យូទ័រ ដែលជួយកាត់បន្ថយការងារនៅលើក្រដាស់ ដែលជាទូទៅ ត្រូវផលិតចេញពីវត្ថុធាតុដើមធម្មជាតិ។  

  

៣. ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ដើម្បីសន្សំសំចៃថាមពលទាំងនៅក្នុងផ្ទះ និងទីសាធារណៈ។  

  

៤. ការប្រើប្រាស់រថយន្តអគ្គីសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិយាកាស។  

  

៥. ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការស្រាវជ្រាវ និងផលិតផលិតផល ដែលគិតគូរដល់បរិស្ថានដូចជា ថង់បរិស្ថាន ព្រមទាំងរបស់ របរប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតជាច្រើន។  

  

ក្នុងនាមជាប្រជាជន ដែលរស់នៅក្នុងសង្គម ប្រទេស និងពិភពលោកមួយនេះ យើងគួរតែរួមគ្នាគិតគូរដល់និរន្តរភាពនៃបរិស្ថានភពផែនដី ដើម្បីរក្សាជាកេរ្តិ៍ដំណែល​បរិស្ថានស្អាតសម្រាប់មនុស្សជំនាន់ក្រោយ៕  

  

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
Theme images by Radius Images. Powered by Blogger.